ក្នុងពិធីបុណ្យចូលឆ្នាំចិនមានពណ៌ខ្លះនាំលាភសំណាង ហើយពណ៌ខ្លះទៀតជាអពមង្គល

0
127

ក្នុងប្រពៃណីជនជាតិ ពណ៌មិនចេះតែរើសមកប្រើតាមការស្រឡាញ់ ឬតាមចិត្តចង់បានឡើយ។ ប្រជាជនដ៏ចំណាស់នេះមានជំនឿរាប់សិបឆ្នាំមកហើយ ពីអត្ថន័យនៃពណ៌នីមួយៗ ដើម្បីប្រើទាក់ទាញលាភសំណាង និងបញ្ចៀសគ្រោះអាក្រក់នានា។

ចំពោះវប្បធម៌ចិន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពណ៌សំណាងបំផុតមាន ៣ សំខាន់ៗ ដែលត្រូវបានចាត់ទុកជាពណ៌នាំលាភជ័យក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាក្នុងឱកាសពិសេសៗ។

ក្រហម – សុភមង្គល ជោគជ័យ និងសំណាងល្អ

ពណ៌ក្រហមតំណាងឱ្យភ្លើង និងជាពណ៌ដែលពេញនិយមបំផុតនៅក្នុងប្រទេសចិន។ វាក៏ជាពណ៌របស់ជាតិសាសន៍តំណាងឱ្យសុភមង្គល សម្រស់ ភាពរឹងមាំ លាភ ជោគជ័យ ព្រមទាំងសំណាងល្អ។

ពណ៌នេះពេញនិយមក្នុងចំណោមប្រជនជាតិចិន ហើយត្រូវបានគេប្រើជាទូទៅក្នុងពិធីបុណ្យជាតិ ព្រឹត្តិការណ៍សំខាន់ៗ និងពិធីមង្គលការជាដើម។

ក្នុងឱកាសបុណ្យចូលឆ្នាំចិន គេរមែងប្រើអំពូលភ្លើងពណ៌ក្រហមតុបតែងហាង និងគេហដ្ឋានជានិច្ច។ រីឯតួអក្សរក្រហម  “Xi” (មានន័យថា សុភមង្គល) គេប្រើបិទភ្ជាប់នៅនឹងរបងចូលផ្ទះ និងលើមាត់ទ្វារ។ ដោយឡែកមនុស្សម្នារមែងស្លៀកពាក់ពណ៌ក្រហម រីឯអាំងប៉ាវក៏ប្រើស្រោមពណ៌ក្រហមផងដែរ ដើម្បីហៅភ័ព្វព្រេងល្អៗចូលជាមួយខ្លួននិងគ្រួសារ។

លឿង – ភាពថ្លៃថ្នូរ និងអំណាចនៃរាជបល្ល័ង្ក

ពណ៌លឿង តំណាងឲ្យផែនដី ជានិមិត្តរូបនៃរាជវង្ស និងត្រូវបានបម្រុងទុកសម្រាប់អធិរាជ កាលពីជំនាន់មុន។

 

អធិរាជទីមួយនៃប្រទេសចិនត្រូវបានគេប្រសិទ្ធិនាមថាជា អធិរាជពណ៌លឿង​ ឬ Yellow Emperor ។ មិនតែប៉ុណ្ណោះ ប្រទេសចិនពីអតីតកាល ត្រូវបានគេហៅថា “ផែនដីពណ៌លឿង” រីឯទន្លេធំជាងគេរបស់ប្រទេសក៏បានហៅ “ទន្លេពណ៌លឿង” ។ លឿងជាពណ៌សំខាន់បំផុតក្នុងទស្សនៈបុរាណចិន។

ក្នុងរជ្ជកាលរាជវង្សសុង (៩៦០-១២៧៩) គេប្រើក្បឿងរលោងពណ៌លឿងដើម្បីសង់វិមានអធិរាជ។ លុះមកដល់អំឡុងរាជវង្សមីង (១៣៦៨-១៦៤៤) និងរាជវង្សឈីង (១៦៣៦-១៩១១) អធិរាជតែងតែគ្រងអាវផាយពណ៌លឿង។ សូម្បីរទេះរុញ  ឬផ្លូវដែលព្រះរាជាយាងកាត់ក៏សុទ្ធសឹងមានពណ៌លឿង។ ងាកទៅមើលទង់ជាតិផ្លូវការនាបុរាណកាល ក៏ជាពណ៌លឿងដែរ។ ចំណែកត្រាផ្លូវការ ត្រូវបានស្រោបដោយក្រណាត់ពណ៌លឿង។

ចំណែកនៅក្នុងព្រះពុទ្ធសាសនាចិន ពណ៌លឿងត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេរីភាព តម្រូវការសម្ភារៈ រីឯព្រះសង្ឃវិញ ពាក់ស្បង់ពណ៌លឿង។

បៃតង – លុយកាក់ និងទ្រព្យសម្បត្តិ

បៃតង ជាពណ៌នៃទ្រព្យសម្បត្តិ សម្បូរកូនចៅ ក្តីសង្ឃឹម ភាពសុខដុម និងការលូតលាស់។ វាក៏តំណាងឱ្យភាពបរិសុទ្ធ និងអនាម័យផងដែរ។

នៅក្នុងអគារធនាគារ និងភោជនីយដ្ឋាន ជារឿយៗគេរមែងលាបពណ៌បៃតង។ ការវេចខ្ចប់ទឹកដោះគោ ឬផលិតផលនានា ច្រើនតែមានពណ៌បៃតង ដើម្បីបង្ហាញថា ផលិតផលទាំងនោះមិនមានការចម្លងរោគ។

ពណ៌អពមង្គល – ស

សជាពណ៌តំណាងឱ្យលោហៈ ហើយត្រូវបានផ្សារភ្ជាប់ជាមួយការស្លាប់ និងការកាន់ទុក្ខ ព្រោះជនជាតិចិនស្លៀកពាក់សនៅពេលមានពិធីបុណ្យសព៕

ប្រភព៖ chinahighlights

LEAVE A REPLY

Please enter your comment!
Please enter your name here