ធ្លាប់ត្រូវគេរំលោភបំពានផ្លូវភេទ ស្រ្ដី​រូបនេះក្លាយជាសេដ្ឋីនី​មានទ្រព្យពាន់លានដុល្លារ

0
144

Oprah Winfrey ជាកូនកាត់អាមេរិកអាហ្វ្រិក ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅសតវត្សរ៍ទី ២០។ យោង​តាម​ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់នាងមានចំនួន ២,៧ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០០៩។ នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ជោគ​ជ័យ និងជាស្រ្តីចិត្តធម៌ ដែលមាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភព​​លោក​។ សម្លឹង​មើលជោគជ័យនៅថ្ងៃនេះ តាមពិត Oprah Winfrey បានឆ្លងកាត់ភាពវេទនាជូរចត់ជាច្រើនក្នុងជីវិត។ កាលពី​នៅក្មេង នាងមិនត្រឹមតែរស់នៅយ៉ាងលំបាកក្នុងភាពក្រីក្រទេ តែនាងក៏ត្រូវគេរំលោភ​បំពានផ្លូវភេទថែមទៀត។

Oprah Winfrey កើតនៅរដ្ឋមីស៊ីស៊ីពី នៅឆ្នាំ ១៩៥៨។ បន្ទាប់ពីការ​លែងលះគ្នារបស់ឪពុកម្តាយ នាងត្រូវ​បាន​បញ្ជូន​ទៅ​រស់​នៅ​ជាមួយ​ជីដូន​ជីតា​របស់​នាង ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​។ អ្នក​ខ្លះ​និយាយ​ថា​នាង​ធ្លាប់​ស្លៀក​រ៉ូប​ធ្វើ​ពី​បាវ​ដំឡូង​ថែម​ទៀត។​ នាង​បាន​ជួប​ជុំ​ជា​មួយ​ម្តាយ​នៅ​អាយុ ៦ ឆ្នាំ រួច​បាន​ផ្លាស់​ទៅ​ក្រុង Milwaukee រដ្ឋ Wis​consin។ ម្តាយ​​របស់​នាងបានចំណាយពេលពេញមួយថ្ងៃ​ដើម្បី​ធ្វើការ​ជា​​ស្ត្រី​បម្រើតាម​ផ្ទះ ហើយ​គ្មាន​ពេល​មើល​ថែ​នាងទេ។នាង​បាននិយាយ​ទាំង​ឈឺចាប់​ថា​នៅពេល​នាង​មាន​អាយុ ៩ ឆ្នាំ នាង​ត្រូវ​បាន​បង​ប្អូន​ជីដូន​មួយ រួម​ទាំង​ពូ និង​មិត្តភក្តិ​ចាប់​រំលោភ​នាង។ នាង​បាន​រត់ចេញពីផ្ទះរបស់នាងនៅអាយុ ១៣ ឆ្នាំ ហើយបានក្លាយជាម្តាយក្នុងអាយុ ១៤ ឆ្នាំ។

បន្ទាប់​ពីកូនប្រុសរបស់នាងបានស្លាប់ទាំងនៅជាទារក នាងបានត្រលប់ទៅរស់នៅជាមួយឪពុករបស់នាង ដែលជា​ជាង​​កាត់សក់នៅ Tennessee ។ Oprah Winfrey នៅចាំបានថា វាជាលើកទីមួយនាង​បានយកចិត្ត​ទុកដាក់​លើការ​សិក្សានិងបានក្លាយជាសិស្សពូកែក្នុងតារាងកិត្តិយស។ ទីបំផុតការខិតខំរបស់នាងបានទទួលលទ្ធផល។ នាងបាន​ក្លាយជាសិស្ស ដែលមានប្រជាប្រិយភាពបំផុតនៅវិទ្យាល័យ East Nashville ហើយបានឈ្នះពានរង្វាន់ជាច្រើន​នៅ​ក្នុងការប្រកួតប្រជែងការនិយាយជាសាធារណៈ។ បន្ទាប់ពីនាងបានបញ្ចប់ថ្នាក់វិទ្យាល័យ Oprah Winfrey បានសិក្សា​ជំនាញទំនាក់ទំនងពីសាកលវិទ្យាល័យ Tennessee។

ជីវិតរបស់នាងចាប់ផ្ដើមប្រសើរឡើងនៅអាយុ ១៩ ឆ្នាំ នៅពេលដែលនាងទទួលបានការងារនៅស្ថានីយ៍វិទ្យុ​ក្នុងស្រុក​មួយ ដែលជាអ្នក​រាយការណ៍​សម្រាប់ព័ត៌មានពេលល្ងាចក្នុងស្រុក។ ក្នុងឆ្នាំ ១៩៨៤ នាងបានចាប់ផ្តើម​ធ្វើជា​ពិធីការិនី​ទូរទស្សន៍​ក្នុង​កម្មវិធី «AM Chicago»ដែលជាកម្មវិធី Talk Show នៅពេលព្រឹក។ មិនយូរប៉ុន្មាន «AM Chicago»បាន​ក្លាយ​ជាកម្មវិធី ដែលត្រូវបានគេមើលច្រើនបំផុតនៅអាមេរិក។ ក្រោយមកកម្មវិធីនេះត្រូវបានប្តូរឈ្មោះទៅជា «The Oprah Winfrey Show»។

កម្មវិធីទូរទស្សន៍​ «The Oprah Winfrey Show» បានក្លាយជាកម្មវិធីពេញនិយមបំផុតនៅក្នុងប្រវត្តិសាស្ត្រទូរទស្សន៍ ។ បើទោះ​មិន​មានរូបសម្រស់ស្រស់ស្អាតលេចធ្លោ Oprah Winfrey បានប្រើប្រាស់វោហាស័ព្ទដ៏ប៉ិនប្រសប់ ក្នុង​ការ​សម្ភាស​​តារា​ហូលីវូដល្បីៗ និងបុគ្គលដ៏មានឥទ្ធិពលក្នុងសហរដ្ឋអាមេរិក ទាក់ទាញ​ចំនួន​អ្នក​ទស្សនា​ជា​ជន​ជាតិ​អាមេរិច​ជាង ៣០ លាននាក់ និងចាក់ផ្សាយ ១៤៤ ប្រទេសទូទាំងពិភពលោក។ នាង​ក៏​បាន​បង្ហាញ​ខ្លួន​នាង​ជា​អ្នក​បំផុស​ស្មារតី​​ដ៏មាន​ឥទ្ធិពលបំផុតតាមរយៈកម្មវិធី «ផ្លាស់ប្តូរជីវិតរបស់អ្នក» ដែលមានអ្នកទស្សនាជាស្ត្រីចំនួន ២២ លាននាក់។

 

ក្រៅពីអាជីពជាពិធីការិនីទូរទស្សន៍ និងជាអ្នកផលិតកម្មវិធី Oprah Winfrey គឺជាសហស្ថាបនិកក្រុមហ៊ុន Oxygen Media និងទស្សនាវដ្តី Oprah។ ក្នុងឆ្នាំ ១៩៩៨ នាងបានចាប់ផ្តើមមូលនិធិសប្បុរសធម៌មួយ ដែលមានឈ្មោះថា «Oprah’s Angle Network»ដែលនាងរ៉ាប់រងរាល់ថ្លៃរដ្ឋបាលទាំងអស់។ «Oprah’s Angle Network» បានបរិច្ចាគ​ប្រាក់ចំនួន ១០ លានដុល្លារបន្ទាប់ពីព្យុះកាទ្រីណា ហើយប្រមូលបាន ១១ លាន​ដុល្លារ​ ដែលជាទឹកប្រាក់បរិច្ចាគ ដោយទស្សនិកជនរបស់នាង។ Oprah Winfrey ត្រូវបានគេចាត់ទុកថាជាកំពូលសប្បុរសជនចិត្តធម៌លំដាប់ទី ៣២ នៅលើពិភពលោក។ នៅឆ្នាំ ២០០៥ Bussiness Week បានបញ្ចូលឈ្មោះរបស់នាងក្នុងចំនោមកំពូលសប្បុរសជន​ចំនួន ៥០ នាក់។ ការចូលរួមចំណែករបស់នាងក្នុងអំពើសប្បុរសធម៌ ដែលស្មើនឹង​ទឹកប្រាក់​ចំនួន ៣០៣ លាន​ដុល្លារ​។ នៅ​ឆ្នាំ ២០០៩ នាង​បាន​ក្លាយ​ជា​សេដ្ឋីនី​មាន​ទ្រព្យសម្បត្តិចំនួន ២,៧ ពាន់លានដុល្លារ។ នេះ​បើយោង​​​តាម​ការ​ប្រកាស​របស់​​ទស្សនាវដ្តី Forbes ។ ​ជាមួយ​គ្នានេះ Oprah Winfrey គឺជាអ្នក​ដំបូងគេ ដែលទទួល​បាន​ពានរង្វាន់ «Bob Hope Humanitarian» ក្នុងកម្មវិធីពានរង្វាន់ «Emmy Award» ​ឆ្នាំ ២០០២ សម្រាប់ការចូលរួមចំណែកក្នុ​ង​សកម្មភាព​សប្បុរស​ធម៌​របស់នាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here