បំណងប្រាថ្នារបស់ កញ្ញា ចិន ចិន សម្រាប់​អ្នក​គាំទ្រក្នុងឱកាសឆ្នាំថ្មី ២០២១ នេះ

0
250

បន្ទាប់ពីបានចុះកុងត្រាក្លាយជាសិល្បការិនីប្រចាំផលិតកម្មសាស្រ្តា (Sastra Film) កាលពីចុងឆ្នាំ២០២០ កន្លងទៅ កញ្ញា ចិនចិន តារាសម្តែងស្រីរូបស្រស់ជាកូនកាត់បីសាសន៍ បាន​សាង​ភាពល្បីល្បាញ​យ៉ាង​ខ្លាំងតាមរយៈការគ្រងតំណែងជាតួឯកស្រី នីសា ក្នុងរឿង “វាសនានាងហង្ស”។ តារាស្រីញញឹមស្រស់រូបនេះ បានបង្ហាញទេពកោសល្យសម្តែងពីរខុសប្លែកពីគ្នាក្នុងរឿងតែមួយ ជាតួមនុស្សស្រីចរិតឈ្លើយ កោងកាច ពូកែវាយតប់នៅភាគដំបូងៗ ​ រួចក៏ប្តូរមកជាមនុស្សស្រីគួរឱ្យស្រលាញ់ ចេះតស៊ូក្នុងជីវិត​សាងភាពជោគជ័យ​សារជាថ្មី​ រហូតធ្វើឱ្យហ្វេនៗស្រលាញ់ពេញចិត្តយ៉ាងខ្លាំង និងទន្ទឹងរង់ចាំទស្សនាខ្សែរឿងជីវិត “វាសនានាងហង្ស” Season II បន្តទៀត។

កញ្ញា​ ចិន​ ចិន
កញ្ញា ចិន ចិន

ឈានចូលដល់ឆ្នាំ២០២១ នេះភ្លាម ស្រីស្អាត ចិនចិន ​ក៏​បានប្រកាសត្រៀមកាដូឆ្នាំថ្មីជាពិសេសទៅកាន់ហ្វេនៗ​ជាទីស្រលាញ់ ដែលតែងតែគាំទ្រ​ការ​សម្តែង​របស់​នាងរហូត​មកថា “ឆ្នាំថ្មីនេះ ខ្ញុំមានគម្រោងថ្មី​ៗជាច្រើន​ត្រៀមជាពិសេស​សម្រាប់​ហ្វេនៗជាទីស្រលាញ់ទាំងអស់។ ក្នុងនោះ ខ្ញុំនឹងវិល​ត្រលប់មកជួបទស្សនិកជនសារជាថ្មីជាមួយនឹងរឿង “វាសនានាងហង្ស” Season II បន្តសាច់រឿងស្នេហា​រវាង នីសា និង បេន និង​សាច់រឿងពិសេសៗថ្មីៗជាច្រើន​ទៀត ដែល​នឹងធ្វើឱ្យហ្វេនៗ​បានមើល​រឿងកាលពី Season I កាន់តែពេញចិត្ត។ ក្រៅពីរឿង “វាសនានាងហង្ស” Season II នេះ ខ្ញុំក៏មានរឿងថ្មីផ្សេងទៀតផងដែរ ដែលខ្ញុំចាប់ដៃគូសម្តែងជាមួយបង សេម។​ ចំពោះសាច់រឿងខ្ញុំសូមលាក់សិន តែធានាថាជារសជាតិថ្មីៗ ដែលខ្ញុំត្រៀមជាកាដូពិសេសសម្រាប់ហ្វេនក្នុងឆ្នាំ២០២១ ហើយខ្ញុំនឹងព្យាយាមសម្តែងឱ្យបានល្អបំផុតមិនឱ្យហ្វេនខកចិត្តនោះទេ”។

ក្នុងឱកាសឆ្នាំថ្មីនេះ កញ្ញា ចិនចិន ក៏មានបំណងប្រាថ្នា​សូមឱ្យជំងឺកូវីត១៩ បានរលាយបាត់ពីប្រទេសកម្ពុជា និង​ពិភពលោកឆាប់ៗ និងសូមឱ្យផលិតកម្មសាស្រ្តា មានអ្នកគាំទ្រកាន់តែច្រើន។ ជាពិសេស កញ្ញា ចិនចិន ​ក៏សង្ឃឹមថា​សិល្បៈបុរាណរបស់ខ្មែឬ ដូចជាល្ខោនខោល និងល្ខោនបាសាក់​នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជន ព្រោះបើទោះបីជាកញ្ញាជាសិល្បការិនីផ្នែកសម័យមួយរូប តែកញ្ញា​ពិតជាស្រលាញ់ចូលចិត្តសិល្បៈប្រពៃណីយ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here